ពត៌មាន​ទាន់​ហេតុការណ៍

Loading...

ធ្វើ​បាន​ ៦​ចំណុច​នេះ នឹង​ក្លាយ​ជា​មនុស្ស​ដែល​គេ​​ឱ្យ​តម្លៃ​បំផុត​នៅ​កន្លែង​ការងារ

ក្លាយ​ជា​មនុស្ស​ដែល​គេ​ស្រឡាញ់​ចូល​ចិត្ត​ និង​អោយ​តម្លៃ​នៅ​កន្លែង​ការងារ​ គឺ​ជា​រឿង​ដែល​មនុស្ស​គ្រប់​គ្នា​ត្រូវ​ការ​បំផុត ប៉ុន្តែ​គួរ​ធ្វើ​ដូច​ម្ដេច​? លោក ភួង សុភ័ណ្ឌ ​ជា​​អនុប្រធាន​ឥណទាន នៅ​ធនាគារ​​ឯកជន​ធំ​មួយ​ នៅ​រាជធានី​ភ្នំពេញ​បាន​ចែក​រំលែក​នូវ​បទ​ពិសោធន៍​ផ្ទាល់​ខ្លួន​ដូច​ខាង​ក្រោម៖
១.មិន​ឡេះឡោះ​អត់​ប្រយោជន៍
ការ​ចេះ​លេង​សើច​បង្ក​បរិយាកាស​ ឱ្យ​មាន​ភាព​សប្បាយ​រីករាយ​គឺ​ជា​រឿង​ល្អ​មួយ​ ប៉ុន្តែ​កុំ​លេង​សើច​ឡេះឡោះ​អត់​ប្រយោជន៍។ ចំណុច​នេះ​មាន​ន័យ​ថា ត្រូវ​មាន​ភាព​ច្បាស់លាស់​ចំពោះ​ការងារ កុំ​ឱ្យ​គេ​និយាយ​ថា​បាន​តែ​លេង​សើច​ តែ​ការងារ​ពិត​ប្រាកដ​គ្មាន​បាន​ប្រយោជន៍​អ្វី។ ម្យ៉ាង​វិញ​ទៀត​លេង​សើច​ច្រើន​ពេក​នាំ​ឱ្យ​អ្នក​ជុំ​វិញ​ខ្លួន មិន​ឱ្យ​តម្លៃ​ទៅ​វិញ​ទេ។ ម៉ោង​ធ្វើ​ការ​ដឹង​ធ្វើ​ការ កុំ​លេង​សើច​ជាមួយ​ការ​ងារ ប៉ុន្តែ​គួរ​ប្រើ​អារម្មណ៍​ឱ្យ​ស្រស់ស្រាយ​ពេល​បំពេញ​ការងារ​។
២. តែង​មាន​ហេតុផល​ច្បាស់​លាស់
ចំណុច​នេះ​ចង់​សំដៅ​ថា រាល់​ការ​លើក​អំណះអំណាង​អ្វី​មួយ​ឬ​ហេតុ​ផល​អ្វី​មួយ ដើម្បី​ស្ថាបនា​ក្នុង​ក្រុមហ៊ុន​ក្ដី ឬ​ហេតុផល​ដើម្បី​ជំទាស់​ទៅ​រឿង​ផ្សេងៗ​ក្ដី គឺ​ត្រូវ​មាន​ហេតុផល​ដែល​គេ​គ្រប់​គ្នា​អាច​ទទួល​បាន​។ ម្យ៉ាង​វិញ​ទៀត​គឺ​ជា​ចំណុច​មួយ​ដែល​គេ​គ្រប់​គ្នា ចាប់​ផ្ដើម​មើល​ឃើញ​ពី​តម្លៃ​របស់​បុគ្គល​នោះ​ ហើយ​តែង​ឱ្យ​តម្លៃ​គ្រប់​ពាក្យ​សម្ដី​ដែល​បាន​និយាយ​ចេញ​ម្ដងៗ​។
៣. ចេះ​ចែក​រំលែក
វប្បធម៌​ក្នុង​ការ​ចែក​រំលែក​គឺ​ជា​រឿង​ល្អ​បំផុត​គួរ​តែ​ធ្វើ ក្នុង​នាម​ជា​បុគ្គល​ដែល​មាន​សមត្ថភាព​ម្នាក់​។ មានន័យ​ថា ជា​ការ​ចែក​រំលែក​នូវ​អ្វី​ដែល​ខ្លួន​មាន មិន​ថា​ចំណេះ​ដឹង​ បទ​ពិសោធន៍ ដំណឹង​ល្អ​ៗ​ ជា​ដើម​។ ការ​ធ្វើ​បែប​នេះ​មិន​ត្រឹម​តែ​បង្ហាញ​ថា ជា​មនុស្ស​ល្អ មាន​សីលធម៌​ សុជីវធម៌​ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ការ​បង្ហាញ​ឱ្យ​ឃើញ​ថា ជា​មនុស្ស​ដែល​ចង់​ឱ្យ​គ្រប់​គ្នា​មាន​ភាព​រីក​ចម្រើន ការ​ចេះ​រួម​សហការ​គ្នា ក្នុង​ការ​ធ្វើ​ការ​ងារ​ ហើយ​ជា​មនុស្ស​ដែល​គេ​គោរព​ស្រឡាញ់​បំផុត​។ ​
៤. មិន​ចេះ​អួត​អាង
សមត្ថភាព​មាន​ប៉ុណ្ណា​ក៏​តែង​គេ​មើល​ឃើញ ដូចនេះ​មិន​ចាំ​បាច់​អួត​អាង​នោះ​ទេ គឺ​នៅ​តែ​រក្សា​គោល​ជំហរ មាន​សមត្ថភាព​ប៉ុណ្ណា​ត្រូវ​បញ្ចេញ​អោយ​អស់។ ការ​កោត​សរសើរ​ពី​មនុស្ស​ជុំ​វិញ​ខ្លួន​កាន់​តែ​ត្រូវ​ប្រុង​ប្រយ័ត្ន​ទៀត គេ​កាន់​តែ​សរសើរ​គឺ​កាន់​តែ​បន្ទាប​ខ្លួន ដូច​ពាក្យ​គេ​និយាយ​ថា ងើយ​ស្កក​ឱន​ដាក់​គ្រាប់​។​
៥. អោយ​តម្លៃ​មនុស្ស​ជុំ​វិញ​ខ្លួន
មុន​នឹង​ចង់​ឱ្យ​គេ​ផ្ដល់​​តម្លៃ​ចំពោះ​ខ្លួន​ឯង គួរ​ឱ្យ​តម្លៃ​មនុស្ស​ជុំ​វិញ​ខ្លួន​សិន​។ ការ​ចេះ​ឱ្យ​តម្លៃ​ចំពោះ​មនុស្ស​ជុំវិញ​ខ្លួន​មិន​ថា​អ្នក​នោះ ជា​នរណា ឋានៈ​ជា​អ្វី មាន​សមត្ថភាព​ប៉ុណ្ណា គឺ​ត្រូវ​គោរព​និង​តម្លៃ​ទាំង​អស់​។ ត្រូវ​ដឹង​ថា​មនុស្ស​កើត​មក​មិន​អាច​ចេះ​គ្រប់​ដប់​នោះ​ទេ ហើយ​មនុស្ស​មាន​សមត្ថភាព ទេពកោសល្យ​រៀង​ខ្លួន។ ដូច្នេះ​កុំ​គិត​ថា​មាន​តែ​ឯង​ដែល​ពូកែ​ ហើយ​មិន​ឱ្យ​តម្លៃ​ចំពោះ​មនុស្ស​ជុំវិញ​ខ្លួន។
​​ ៦. មិន​យក​រួច​ខ្លួន​តែ​ឯង
មាន​បញ្ហា​កើត​ឡើង​ក្នុង​ក្រុម​ការងារ​គឺ​រួម​គ្នា​ដោះ​ស្រាយ​បញ្ហា​នោះ​ មិន​គួរ​និយាយ​យក​រួច​ខ្លួន​នោះ​ឡើយ​។ ក្រុម​ការងារ​ប្រៀប​ដូចជា​កីឡាករ​អុំ​ទូក​ដូច្នោះ​ដែរ លុះត្រាតែ​ចេះ​សាមគ្គី​ភាព​គ្នា​ទើប​អាច​យក​ជោគជ័យ។ ក្រុម​ការងារ​ចេះ​ស្រឡាញ់​គ្នា​ដូចជា​គ្រួសារ​តែ​មួយ​ទើប​មាន​ភាព​រីក​ចម្រើន៕

អត្ថបទ៖ ថោ ​ច័ន្ទឬទ្ធិ
ប្រភព : news.sabay.com.kh