ពត៌មាន​ទាន់​ហេតុការណ៍

Loading...

​រយៈពេល​មួយ​ឆ្នាំ​ ខេម ​ចេញ​ច្រៀង​ជិត​ ១០០​ Show​



សិល្បៈ ៖ រយៈ​ពេល​១២​ខែ​ក្នុង​ឆ្នាំ​២០១៦​តារា​ចម្រៀង​ជួរមុខ​របស់​ផលិតកម្ម​ ថោន ​ខេម​ បាន​ចេញ​បទ​ចម្រៀង​ជាង​ដប់​បទ​ ក្នុង​នោះ​បទ​ដែល​ធ្វើ​ឲ្យ​លោក​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ជាង​គេ​គឺ​បទ ​"លើ​លោក​នេះ​អ្នក​ណា​ចង់​ក្រ​" ​និង​បទ​ "ជាតិ​នេះ​កើត​មក​សម្រាប់​គេ​បោះបង់​ចោល​" ដោយឡែក​សម្រាប់​ការ​ចេញ​ច្រៀង​តាម​កម្មវិធី​ប្រគំតន្ត្រី​ក្នុង​ឆ្នាំ​នេះ ​ខេម ​ទទួល​បាន​ជិត​១០០ ​Show ។
បញ្ជាក់​ប្រាប់​ Kqube.net​ ពី​របាយការណ៍​ចេញ​ច្រៀង​តាម​បណ្ដា​កម្មវិធី​ប្រគំតន្ត្រី​ប្រចាំ​ឆ្នាំ​២០១៦ ​ខេម បាន​បញ្ជាក់​ថា ​បំណាច់​ឆ្នាំ​២០១៦​នេះ​ការងារ​សិល្បៈ​របស់​លោក​ទទួល​បាន​ជោគជ័យ​ជាង​ឆ្នាំ​២០១៥​ ព្រោះ​រយៈពេល​១២​ខែ​លោក​ទទួល​បាន​ការងារ​ចេញ​ច្រៀង​ Concert ​ធំ​ៗ​មាន​ចំនួន​ជាង​៥០​លើក​ និង ​Concert​ តូច​ៗ​ជាង​២០​លើក​ផ្សេង​ទៀត​ ហើយ​សម្រាប់​ការ​ចេញ​ច្រៀង​នៅ​ក្រៅ​ប្រទេស​​លោក​ចេញ​សម្ដែង​បាន​ ៥​ ​ប្រទេស​មាន ​ អូស្ត្រាលី ​កូរ៉េ ​ថៃ ស្វីស និង​ប្រទេស បារាំង ។

​ខេម បន្ត​ថា​ ដោយឡែក​សម្រាប់​ការងារ​សិល្បៈ​ប្រចាំ​ឆ្នាំ​២០១៧​នេះ​លោក​មិន​ទាន់​ហាន​សន្និដ្ឋាន​ថា ​អាច​ជោគជ័យ​ជាង​ឆ្នាំ​២០១៦ ​កម្រិត​ណា​នោះ​ទេ ​ព្រោះ​អាជីព​សិល្បៈ​របស់​លោក​ គឺ​ស្ថិត​នៅ​លើ​អ្នក​គាំទ្រ​ ប៉ុន្តែ​សម្រាប់​រូប​លោក ​និង​ថ្នាក់​ដឹក​នាំ​ផលិតកម្ម​ ​គឺ​នៅ​តែ​ខិតខំ​រិះរក​អ្វី​ដែល​ថ្មី​ ដើម្បី​បម្រើ​អារម្មណ៍​ទស្សនិកជន​បន្ត​ទៀត​ ព្រោះ​ការងារ​សិល្បៈ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ត្រូវ​តែ​មាន​អ្វី​ដែល​ថ្មី​ជានិច្ច​។

​ជាមួយ​គ្នា​នេះ​ដែល​ Kqube.net ​ក៏​បាន​សុំ​ឲ្យ​តារា​ចម្រៀង​ ខេម ​បញ្ជាក់​ប្រាប់​ពី​ចំណូល​ប្រចាំ​ឆ្នាំ​ ដែល​រក​ពី​អាជីព​ចម្រៀង​ផល​ដែរ​ ប៉ុន្តែ​របាយការណ៍​ប្រាក់​ចំណូល​លោក​សុំ​មិន​បញ្ជាក់​ប្រាប់​ទេ ​ព្រោះ​ចំណុច​នេះ​លោក​យល់​ថា​ មិន​គួរ​បញ្ចេញ​ជា​សាធារណៈ ​ខ្លាច​មិន​សម​ភ្នែក​មហាជន​៕
ប្រភព Kqube.net