ពត៌មាន​ទាន់​ហេតុការណ៍

Loading...

លទ្ធផលប្រុសក្បត់ខ្លួនមួយចង់ជិះទូកពីរគឺបែបហ្នឹង ! សង្សារដាក់ពាក្យប្ដឹង ប្រពន្ធដាក់ពាក្យលែងលះ



​ភ្នំពេញ៖ បុរសពិការដៃម្ខាងម្នាក់ឈ្មោះ អ៊ឹម សុខជា អាយុ២៦ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិតាម៉ឺន ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ មានប្រពន្ធទើបឆ្លងទន្លេងកូនខ្ចីបានមួយខែប្រើមន្ដស្នេហ៍តាមហ្វេសប៊ុកអន្ទងចិត្តនារីកម្មការិនីរោងចក្ររូបស្រស់អោយធ្លាក់ក្នុងអន្លង់ស្នេហ៍ដោយអួតថាខ្លួនជាវិស្វករសំណង់ព្រមទាំងនៅកំលោះហើយមានឪពុកម្ដាយជាអាណិកជនខ្មែររស់នៅអាមេរិកទៀតផង ។
​ក្រោយពីបង្កាត់ភ្លើងស្នេហ៍តាមហ្វេសប៊ុកបានមួយរយៈពេលខ្លី ក៏បានឈានដល់ការណាត់ជួបគ្នារួមមេត្រីនៅក្នុងផ្ទះជួលខាងស្រី ដោយនាងក្រមុំព្រមប្រគល់ព្រហ្មចារី និងទ្រព្យសម្បត្តិបន្តិចបន្តួច ជូនប្រុសស្នេហ៍ដោយគ្មានការសោកស្ដាយ ព្រោះប្រុសស្នេហ៍បានសន្យាថា និងរៀបការជាមួយនាងនៅចុងខែមករា ឆ្នាំ២០១៧ ។ ប៉ុន្តែដល់ថ្ងៃកំណត់ត្រូវចូលរោងការ ស្រាប់តែប្រុសស្នេហ៍ប្រាប់ថា ម្ដាយនៅឯសហរដ្ឋអាមេរិកស្លាប់ មង្គលការត្រូវលុបចោល ទើបធ្វើឱ្យនាងអស់សង្ឃឹម ហើយនៅវេលាម៉ោង៨យប់ថ្ងៃទី២៧ ខែមករា ក៏បាននាំជននោះទៅកាន់ប៉ុស្ដិ៍នគរបាលចោមចៅដាក់ពាក្យបណ្ដឹងពីបទរំលោភលើទំនុកចិត្តតែម្ដង ។ ចំណែកប្រពន្ធនិងម្ដាយក្មេកក្រោយពេលបានដឹងដំណឹងក៏បានបីកូនស្រីតូចជិះម៉ូតូរ៉ឺម៉កទៅកាន់ប៉ុស្ដិ៍នគរបាលចោមចៅ ដោយប្រាប់ថា គាត់នឹងលែងលះប្ដីកំហូចនោះចោលផងដែរ ។
​គួរបញ្ជាក់ថា បុរសកំហូចនេះគ្មានឪពុកម្ដាយទេ (ឪពុកម្ដាយស្លាប់ចោលអស់យូរណាស់ហើយ ) មានប្រពន្ធឈ្មោះ ចាន់ សំអាង អាយុ៣០ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិ អន្លង់ទ្រា ឃុំព្រះឥសី ស្រុកល្វាឯម ខេត្តកណ្ដាល ទើបសម្រាលកូនបានរយៈពេល១ខែកន្លះប៉ុណ្ណោះ ។ រីឯកម្មការិនីចិត្តស្មោះឯណោះវិញមានឈ្មោះ ឌី សុដាវណ្ណ អាយុ២៧ឆ្នាំ ជាកម្មការិនីរោងចក្រកាត់ដេរ មានស្រុកកំណើតនៅក្នុងភូមិព្រៃស្នួល ឃុំកក់ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ បានស្នាក់នៅផ្ទះជួលក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ៕