ពត៌មាន​ទាន់​ហេតុការណ៍

Loading...

រំភើបចិត្តណាស់៖ ក្រោយដឹងថា នាង គន្ធា តស៊ូច្រៀងរកប្រាក់ ដើម្បី…

នាង គ​ន្ធា ដែល​ប្រិយមិត្ត​ស្គាល់​ច្បាស់​ថា​ជា​បេ​ក្ខ​នារី​ដ៏​លេចធ្លោ​ម្នាក់​ក្នុង​កម្មវិធី Cambodian Idol រ​ដូ​ល​កាល​ទី ២ ដោយសារ​ច្រៀង​បទ «​ម៉ែ​» នោះ បាន​ប្រាប់​ឱ្យដឹងថា បច្ចុប្បន្ននេះ​នាង​កំពុងមាន​ការងារ​ច្រៀង​ក្នុង​ភោជនីយដ្ឋាន​មួយកន្លែង ដើម្បី​សន្សំ​ប្រាក់​ទុក​បន្ត​ការសិក្សា​នៅ​ឆ្នាំ​ក្រោយនេះ ។​
​នាង គ​ន្ធា បានឱ្យដឹង​បន្ត​ប្រាប់ថា រាល់ថ្ងៃនេះ​នាង​បាន​ផ្អាក​ការសិក្សា​ឯ​ស្រុកកំណើត​អស់​រយៈពេល ១ ឆ្នាំ​មកហើយ ដោយពេល​នេះ​កំពុង​រកប្រាក់ និង សន្សំទុក​សម្រាប់​ចូលរៀន​នៅ​ឆ្នាំក្រោយ​វិញ ហើយ​ពេល​ចូលរៀន​វិញ​នោះ​គឺ​នាង​ត្រូវ​ឡើង​ថ្នាក់​ទី ៩ ។​
​គ​ន្ធា បាន​បន្ថែម​ឱ្យដឹងទៀតថា តាំងពី​ពេល​នាង​បាន​ធ្លាក់​ពី​ការប្រឡង​ចម្រៀង​ក្នុង​កម្មវិធី Cambodian Idol រ​ដូ​ល​កាល​ទី ២ នោះ គឺ​នាង​មិនបាន​វិលត្រឡប់​ទៅ​ស្រុកកំណើត​វិញ​នោះទេ ដោយ​នាង​បាន​ក្រាញននៀល​រក​ការងារ​ធ្វើ​នៅ​ភ្នំពេញ ដែល​សព្វថ្ងៃនេះ​នាង​បាន និង កំពុង​ច្រៀង​នៅក្នុង​ភោជនីយដ្ឋាន​មួយកន្លែង គឺ​ច្រៀង​ចាប់ពី​ម៉ោង ៧ យប់ ដល់​ម៉ោង ១១ យប់ ហើយ​ក្នុង ១ យប់ នាង​ទទួលបាន​កម្រៃ​ប្រមាណ​ជា ១៣ ដុល្លារ​ប៉ុណ្ណោះ តែ​យប់​ខ្លះ​ក៏​ទទួលបាន​ច្រើនជាង​នេះដែរ ។​

​ក្មេងស្រី​វ័យ ១៦ ឆ្នាំ មកពី​ខេត្តបាត់ដំបង​រូបនេះ​បានឱ្យដឹង​បន្ថែមទៀតថា រាល់​ប្រាក់កម្រៃ​ដែល​នាង​រកបាន​មកពី​ការ​ច្រៀង​ក្រៅពី​សន្សំទុក​រៀន​នៅ​ឆ្នាំក្រោយ​ហើយ គឺ​នាង​យកទៅជួយ​សម្រួល​ក្នុង​ជីវភាព​គ្រួសារ​នាង​ខ្លះ​នៅឯ​ខេត្ត​ទៀត ហើយ​សម្រាប់​ថ្លៃ​ចាយវាយ​ប្រចាំថ្ងៃ​ដែល​រស់នៅ​ជាមួយ​បងប្រុស​នៅ​ភ្នំពេញ​នេះ មានដូចជា​ថ្លៃ​ជួល​បន្ទប់​ស្នាក់នៅ ទឹក​ភ្លើង និង ម្ហូបអាហារ​ជាដើម គឺ​នាង និង បងប្រុស​ជា​អ្នករ៉ាប់រង ។
​ពិតជា​គួរឱ្យ​កោតសរសើរ​ណាស់​ចំពោះ​ការ​អំណត់ និង តស៊ូ​របស់​ក្មេងស្រី​វ័យ ១៦ ឆ្នាំ នាង គ​ន្ធា ម្នាក់នេះ ព្រោះតែ​ស្រឡាញ់​វិស័យ​សិល្បៈ​សុខចិត្ត​ដឹក​ដៃ​បងប្រុស នាង ប្រាក់​សុគន្ធ មក​ចូលរួម​ប្រកួត​នៅឯ​ភ្នំពេញ ហើយ​ទោះជា​មិន​ទទួលបាន​ជោគជ័យ​ក៏​នៅតែ​ជម្នះ​រកប្រាក់​ចំណូល​តាម​វិស័យនេះ​ដើម្បី​ជួយ​គ្រួសារ និង សម្រាប់​ទុក​បន្ត​ការសិក្សា​ឡើងវិញ​ផងដែរ ៕