ពត៌មាន​ទាន់​ហេតុការណ៍

Loading...

ជ្រូក​និង​មាន់​ពី​វៀតណាម សំរុក​នាំចូល បំផ្លាញ​អ្នក​ចិញ្ចឹម​ក្នុងស្រុក​មុនពេល​ចូលឆ្នាំ​ចិន​ខាងមុខនេះ​

ជ្រូក​និង​មាន់​ពី​វៀតណាម សំរុក​នាំចូល បំផ្លាញ​អ្នក​ចិញ្ចឹម​ក្នុងស្រុក​មុនពេល​ចូលឆ្នាំ​ចិន​ខាងមុខនេះ​



(​ភ្នំពេញ​)៖​តាម​ភ្នាក់ងារ​ចិញ្ចឹម​មាន់​ក្នុងស្រុក បានឱ្យដឹងថា​៖ រដូវចូលឆ្នាំ​ចិន​ជិត​មកដល់ ឈ្មួញ​រកស៊ី​ល្មើសច្បាប់​កំពុងតែ​សម្រុក​លួច​ដឹក​​មាន់​និង​ជ្រូក​ពី​វៀតណាម​ចូល​ស្ទើរ​គ្រប់់​ច្រក​មក​បើ​ឱ្យ ដេប៉ូ​តាម​ខេត្ត និង​តាម​ទីផ្សារ​មួយចំនួន ធ្វើឱ្យ​ផលិតផល​សត្វ​ក្នុងស្រុក​ធ្លាក់​​ថ្លៃ​ដួល​បាស់ជើង ចង់​បោះបង់ចោល​មុខរបរ​ទាំងនេះ ។​
​    ​
​លោក ឆាយ សុខ​ហួរ ប្រធាន​សមាគម​ចិញ្ចឹម​មាន់បាន​ប្រាប់ឱ្យដឹង​កាលពី​ថ្ងៃទី​១៨ មករា​ថាៈ ជ្រូក​និង​មាន់ មកពី​ប្រទេស​វៀតណាម កំពុង​ផ្អើល​នាំចូល​វាយលុក​ទីផ្សារ​ស្ទើរ​គ្រប់​ខេត្ត​។ មាន់​ពី ៤​ម៉ឺន ទៅ ៥​ម៉ឺន​ក្បាល បាន​នាំចូល​ក្នុង​មួយថ្ងៃ ។ ជ្រូក​៦០០០​ក្បាល​បាន​នាំចូល ។ ឈ្មួញ​ខ្លះ​មាន​អាជ្ញាប័ណ្ណ ខ្លះទៀត​មាន​អ​ជ្ញា​ប័ណ្ណ​សេះ​ហោះ នាំគ្នា​នាំចូល​តាម​ខេត្ត​នានា ក្រោមលេស​ថា ខេត្ត​នេះ​នៅ​ខ្វះ ជ្រូក​កាប់ ខ្វះ មាន់​-​ទា ហើយ​ដឹក​ចូល​ដាក់​តាម​ដេប៉ូ លក់​មាន់​ទា​ជ្រូក​ពេញ​អស់ហើយ កសិករ និង​កសិដ្ឋាន​ចិញ្ចឹម​មាន់ ក្នុងស្រុក​មិន​សប្បាយចិត្ត ទៅនឹង​ការហូរចូល​ជ្រូក​និង​មាន់​មកពី​ប្រទេសក្រៅ មក​កាច់​បំបាក់​តម្លៃ​ផលិតផល​ក្នុងស្រុក ។ ធ្វើឱ្យ​ផលិតផល​សត្វ​ក្នុងស្រុក​ធ្លាក់​ថ្លៃ​​បាត់បង់​ផលចំណេញ និង​អាច​ខាតដើម​ទៅលើ​ការផ្តល់​ចំណី​ជាដើម ។ 
​    ​
​បង​វណ្ណា អ្នក​ចិញ្ចឹម​មាន់ ឱ្យ​ក្រុមហ៊ុន SNT បានឱ្យដឹងថា​៖ ដេប៉ូ​ទទួល​មាន់​លក់​នីមួយៗ បាន​ទទួលយក​មាន់​ពី​វៀតណាម​ដាក់​ពេញ​​ដេប៉ូ​អស់ហើយ ត្រៀម​លក់​សម្រាប់​ពេល​ចូលឆ្នាំ​ចិន ខាងមុខនេះ ដូច្នេះ​ក​សិ​ដ្ខា​ន​ក្រុមហ៊ុន​ចិញ្ចឹម​ក្នុងស្រុក ស្ទើរតែ​ពិបាក​លក់​ដោយសារ​​ថ្លៃ​ថោក​មកពី​មាន់​វៀតណាម បុក​មក​ច្រើនពេក ។ អ្នក​ចិញ្ចឹម​ក្នុងស្រុក​ចង់​បិទទ្វារ​អស់ហើយ ។​
​    ​
​បង​ទ្រី ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​មាន់ នៅ​ភ្នំ​ស្រង់ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ជិត​ចូល​ឆ្នាំនេះ ថ្លៃ​មាន់​រស់ (​មាន់​សាច់​) តែ ៤៥០០​រៀល​/1kg ថ្លៃ​ប៉ុណ្ណឹង​គឺ​លក់​ខាត​ហើយ ។ ពីមុន​មាន់​រស់​ថ្លៃ ៥៥០០​រៀល ទៅ ៦០០០​រៀល​/1Kg ។ គាត់​ចង់បាន​តម្លៃ​មួយ​ថេរ គឺ​ពី ៥៥០០​រៀល ទៅ ៦០០០​រៀល ក្នុង​មួយ​គីឡូ​ទើបបាន​ចំណេញ​ខ្លះ ។ រីឯ​មាន់​បី​សាសន៍​ថ្លៃ​ខ្ពស់ជាង​នេះ ។ រីឯ​អ្នក​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​វិញ​គឺ​ឈឺក្បាល​ណាស់ដែរ ដោយសារ​ជ្រូក​នាំចូល​ច្រើនពេក ធ្វើឱ្យ​អ្នក​ចិញ្ចឹម​បាត់​ថ្លៃដើម គឺ​ខាត​លែង​ហ៊ាន​រកស៊ី​មុខរ​របរ​នេះ​តទៅទៀត​។ 
​    ​
​អ្នក​ចិញ្ចឹមសត្វ​មួយចំនួន ហ៊ាន​សួរ​ទៅ​មន្ត្រី​កសិកម្ម​ថា ក្រសួង​មិនគួរ​ផ្តល់​អាជ្ញាប័ណ្ណ​ឱ្យទៅ​ឈ្មួញ ដើម្បីឱ្យ​មានការ​នាំចូល​សត្វ​បែបនេះ​ទេ វា​ធ្វើឱ្យ​បាត់បង់​តម្លៃ​ខ្ពស់​សម្រាប់​ផលិតផល​ក្នុងស្រុក ។ ប៉ុន្តែ​មន្ត្រី​កសិកម្ម​បាន​ឆ្លើយតប​មកវិញ​ថាៈ​តើ​អ្នកឯង​អាចមាន​សមត្ថភាព​​ទប់​តម្លៃ​ទីផ្សារ​ក្នុងស្រុក​ឱ្យ​ផលិតផល​សាច់ មាន​លំនឹង​ឬទេ ប្រសិនបើ​មិនឱ្យ​មានការ​នាំចូល ជ្រូក​មាន់​យ៉ាង​ដូច្នេះ Sic ។​

​លោក សេង សុវណ្ណ អ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ មិនអាច​សុំ​ការបញ្ជាក់​តាម ទូរស័ព្ទ​បានទេ នៅ​ព្រឹក​ថ្ងៃទី ១៨​ខែ មករា​នេះ ៕


ជ្រូក​និង​មាន់​ពី​វៀតណាម សំរុក​នាំចូល បំផ្លាញ​អ្នក​ចិញ្ចឹម​ក្នុងស្រុក​មុនពេល​ចូលឆ្នាំ​ចិន​ខាងមុខនេះ​