ពត៌មាន​ទាន់​ហេតុការណ៍

Loading...

ផ្អើលពេញផ្សាររតនះគីរី​ ស្មានតែមានការតាំងពិព័ណ៌សំរាម‌‌! (មានវីដេអូ)



ខេត្តរតនគិរី៖ អាជីវករ និងភ្ញៀវចូលទិញទំនិញក្នុងផ្សារបានលុង មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីបានឃើញគំនរសំរាម ត្រូវគេចាក់ជាគំនរនៅមុខស្នាក់ការផ្សារ ជាមួយនិងទិដ្ឋភាពរថយន្តដឹកសំរាម ត្រូវគេចតតម្រៀបគ្នានៅទីនោះផងដែរ។
គំនរសំរាមប្រៀបបីដូចជាតាំងពិព័ណ៌ គឺត្រូវបានគេឃើញកើតមានឡើងនៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ នេះ នៅចំណុចទីស្នាក់ការផ្សារបានលុង ក្នុងខេត្តរតនគិរី។ មូលហេតុដែលនាំឲ្យមានសំរាមគរនៅមុខទីស្នាក់ការផ្សារនោះ គឺត្រូវបានគេរកឃើញថា ភាគីខាងក្រុមហ៊ុនប្រ មូលសំរាមឈ្មោះ គីម ជ្រា បានចោទទៅលើភាគីក្រុមហ៊ុនផ្សារថា មិនបានបង់លុយថ្លែប្រមូលសំរាមបានគ្រប់ចំនួន ជាហេតុធ្វើអោយក្រុមហ៊ុនប្រមូលសំរាមខ្វះលុយបើកប្រាក់ខែអោយកម្មករ ទើបនៅព្រឹកនេះកម្មករបានបើករថយន្តដឹកសំរាម មកចាក់សំរាមនៅមុខទីស្នាក់ការផ្សារ ធ្វើការទាមទារអោយខាងភាគីផ្សារបើកលុយថ្លែសំរាមអោយពួកគេ។ លោក ជា គួង ប្រធានក្រុមហ៊ុនប្រមូលសំរាម គីម ជ្រា បានអោយដឹងថា ក្រុមហ៊ុនលោកនឹងត្រូវទទួលបានទឹកបា្រក់ចំនួន ៣លាន៥សែនរៀល ក្នុងមួយខែពីក្រុមហ៊ុនផ្សារ ដែលជាទឹកបា្រក់ថ្លែប្រមូលសំរាមប្រចាំខែ។ ក៏ប៉ុន្តែជារៀងរាល់ខែ លោកទទួលបានលុយ ថ្លែប្រមូលសំរាមពីភាគីផ្សារបានចំនួនតែ៣លានរៀលប៉ុណ្ណោះ មានន័យថាខាងផ្សារនៅជំពាក់ចំនួន៥សែនរៀល ជារៀងរាល់ខែជាយូរឆ្នាំមកហើយ ដែលគិតមកដល់ពេលនេះទឹកបា្រក់បានកើនឡើងដល់ចំនួន៤២លានរៀលហើយ ។ ដោយឡែកលោក ជាម សុផាត តំណាងក្រុមហ៊ុនហេងតារា វិនិយោគផ្សារបានលុងអោយដឹងថា បើក្រុមហ៊ុនប្រមូលសំរាម ចង់បានថ្លែប្រមូលសំរាមគ្រប់ចំនួន លុះត្រាតែក្រុមហ៊ុនប្រមូលសំរាមនោះ ធ្វើទៅតាមកិច្ចសន្យា ។ លោកបញ្ជាក់ថា ទឹកប្រាក់ចំនួន៤លាន ៨សែនរៀលក្នុងមួយខែ ត្រូវបានចំណាយលើកិច្ចការសំរាមនេះ គឺមួយផ្នែកទឹកប្រាក់ចំនួន៣លានរៀល បានបង់ថ្លែប្រមូលសំរាមអោយទៅក្រុមហ៊ុន គីម ជ្រា និងមួយផ្នែកទៀត ទឺកប្រាក់ចំនួន១លាន៨សែនរៀល គឺជាថ្លែឈ្នួលកម្មករប្រមូលសំរាមចំនួន៤នាក់ដែលខាងផ្សារជួលផ្សេងទៀត ដើម្បីអោយពួកគេប្រមូលសំរាមគរទុក ប៉ុន្តែរថយន្តក្រុមហ៊ុនប្រមូលសំរាម មិនព្រមមកដឹកសំរាមនោះទេ។ លោកបញ្ជាក់ថា អ្វីដែលបានកើតឡើងនៅព្រឹកនេះ (ថ្ងៃទី១៩ មករា) មិនមែនជាបន្ទុកខាងផ្សារ តែវាជាបន្ទុករបស់អាជ្ញាធរទៅវិញ។ លោកជាម សុផាត បញ្ជាក់ថា ក្រុមអាជីវករប្រមាណ១៥០នាក់ បានដាក់ពាក្យបណ្តឹងប្តឹងទៅអាជ្ញាធរខេត្ត ស្នើសុំដកហូតក្រុមហ៊ុនប្រមូលសំរាមមួយនេះចេញ ដោយមិនអនុញ្ញាតិអោយបន្តប្រមូលសំរាមនៅទីផ្សារទៀតទេ គឺចង់អោយខាងក្រុមហ៊ុនផ្សារជាអ្នកប្រមូលសំរាមផ្សារផ្ទាល់តែម្តង ។ លោកឧកញ៉ា សា លាង អគ្គនាយកក្រុមហ៊ុនហេងតារាវិនិយោគផ្សារបានលុង នៅព្រឹកថ្ងៃទី១៩ ខែមករានេះបានទទួលស្គាល់ថា តាមពិតទឹកប្រាក់ដែលត្រូវបង់ទៅក្រុមហ៊ុមប្រមូលសំរាមក្នុងមួយខែចំនួន៣លាន៥សែនរៀល ប៉ុន្តែក្រុមហ៊ុនប្រមូលសំរាម មិនបានប្រមូលសំអាតទៅតាមល័ក្ខន្ធនិងកិច្ចសន្យានោះទេ ដែលធ្វើអោយក្រុមហ៊ុនផ្សារត្រូវចំណាយប្រាក់បន្ថែមចំនួន១លាន៨សែនរៀលទៀត សំរាប់ជួលកម្មករបោសសំអាតនិងប្រមូលសំរាមចេញពីបរិវេណផ្សារ ។ មិនមានការឆ្លើយបំភ្លឺឬចំណាត់ការក្តៅណាមួយពីអាជ្ញាធរក្រុងបានលុងនៅឡើយទេ បើទោះបីនៅព្រឹកថ្ងៃទី១៩ មករានេះ មនុស្សម្នាគ្រប់ស្រទាប់ បានកើតមានការភ្ញាក់ផ្អើលដោយសារតែបានឃើញទិដ្ឋភាពគំនរសំរាមដូចភ្នំ និងរថយន្តដឹកសំរាមជាច្រើនគ្រឿងត្រូវគេឈប់សំចតតម្រៀបគ្នានៅមុខទីស្នាក់ការផ្សារបានលុងនោះ ដែលទិដ្ឋភាពនេះមិនធ្លាប់ត្រូវបានគេឃើញផ្ទាល់ភ្នែកកាលពីមុនមកនោះឡើយ ។ សូមរំលឹកថាៈ ក្រុមហ៊ុនទាំងពីរនេះតែងតែមានវិវាទនឹងគ្នាជាយូរឆ្នាំមកហើយរឿងបញ្ហាសំរាមនេះ ដែលជារឿយៗ គេតែងសង្កេតឃើញអាជ្ញាធរក្រុងបានលុងឬអាជ្ញាធរខេត្ត កោះភាគីទាំងពីរដើម្បីរកដំណោះស្រាយ ប៉ុន្តែបើទោះបីមានកិច្ចខិតខំប្រឹងប្រែងរកដំណោះស្រាយពីក្រុមអាជ្ញាធរយ៉ាងណាក៏ដោយ ក៏បញ្ហានេះនៅតែកើតមានដដែលជាដដែល រហូតដល់អាជ្ញាធរថ្នាក់ជាតិ ដែលមានឯកឧត្ដម លី ធុជ ជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តរតនគិរី ស្វែងរកការសម្របសម្រួលតាមវីធានច្បាប់ជាច្រើនដងយ៉ាងណាក៏ដោយ ក៏ក្រុមហ៊ុនទាំងពីរនេះនៅតែធ្វើឲ្យអារម្មអាជីវករ ប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវជាតិ មានគំនិត្តថា អាជ្ញាធរថ្នាក់ក្រសួងពាក់ព័ន្ធ អាជ្ញាធរថ្នាក់ជាតិ ឬ អាជ្ញាធរថ្នាក់ក្រោមជាតិ ពិតជាកំសោយក្នុងការរកដំណោះស្រាយរវាងបញ្ហាវិវាតរបស់ក្រុមហ៊ុនទាំងពីរណាស់៕
ផ្ដល់សិទ្ធិដោយ៖vd7news.com