ពត៌មាន​ទាន់​ហេតុការណ៍

Loading...

សេវា រថយន្តក្រុងសាធារណៈ កំពង់ស្ពឺ-ភ្នំពេញ នឹងមានវត្តមានក្នុងពេលឆាប់ៗនេះ

សេវាដឹកជញ្ជូនតាមរថយន្តក្រុងសាធារណ រវាងខេត្តកំពង់ស្ពឺ និង ទីក្រុងភ្នំពេញ នឹងមានវត្តមានក្នុងពេលឆាប់ៗខាងមុខ នេះបើយោងតាមអភិបាលខេត្តកំពង់ស្ពឺ។


កាលពីថ្ងៃទី ២៥ ខែមករា នេះ អភិបាលខត្តកំពង់ស្ពឺ បានចុះ MoU ជាមួយ ក្រុមហ៊ុន​ Brickston Cambodia​​ ក្នុងការផ្ដល់នូវសេវាដឹកជញ្ជូនតាមរថយន្តក្រុង សម្រាប់អ្នកដំណើរ នឹង ប្រជាពលរដ្ឋនៅខេត្តកំពង់ស្ពឺ។
សេវារថយន្តក្រុងនេះ នឹងដាក់ឲ្យដំណើរការលើផ្លូវទូទាំង ខេត្តកំពង់ស្ពឺ ហើយសម្រាប់ការដំណើរការជាដំបូងគឺ ចាប់ផ្ដើមពី  ផ្លូវជាតិលេខ៤ រហូតដល់ចោមចៅ ដើម្បីតភ្ជាប់ជាមួយ ខ្សែររថយន្តក្រុង របស់សាលារាជធានីភ្នំពេញ។
លើសពីនេះ សេវារថយន្តក្រុងនេះ  នឹងចាប់ផ្តើមដំណើរការដំបូងដោយប្រើប្រាស់ ​រថយន្តក្រុងចំនួន ២០គ្រឿង តាមបណ្តោយផ្លូវជាតិលេខ៤ ពីខេត្តកំពង់ស្ពឺ ទៅចោមចៅ ហើយនឹងពង្រីកបន្តទៅផ្លូវជាតិ​៤១-៥១ នៅចុងខែឧសភា ឆ្នាំ២០១៨ ទៅផ្លូវជាតិលេខ៤៤ នៅចុងខែឧសភា ឆ្នាំ២០១៩ និងផ្លូវដ៏ទៃផ្សេងទៀត តាមការពិភាក្សារវាងរដ្ឋបាលខេត្ត និងក្រុមហ៊ុន និងតម្រូវការទីផ្សារ​។

គួរជម្រាបផងដែរថា សេវារថយន្តក្រុងនេះ នឹងផ្តល់សេវាឥតគិតថ្លៃសម្រាប់ សិស្សសាលា ជនពិការ និងមនុស្សចាស់ជរា ដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ៕