ពត៌មាន​ទាន់​ហេតុការណ៍

Loading...

ចង់ទៅដើរលេងនៅថៃ អស់លុយតិច កុំភ្លេចអានអត្តបទនេះ



ប្រសិនបើលោកអ្នកដែលមានគម្រោងចង់ទៅដើរលេង ឬទិញអីវ៉ាន់ នៅប្រទេសថៃ លោកអ្នកគួរតែដឹងចំនុចសំខាន់ៗទាំងអស់នេះ ដើម្បីអាចឲ្យជាគំនិតហើយ ងាយស្រួលត្រៀមថវិការផងដែរ។ ថ្ងៃនេះយើងសូមណែនាំចំនុចខ្លះៗដើម្បីធ្វើឲ្យលោកអ្នកចំណាយតិចហើយដើរលេងយ៉ាងសប្បាយរីករាយ ខាងក្រោមនេះគឺជា ចំនុចពិសេសៗដែលអ្នកគួរដឹង៖
***តើត្រូវជិះយន្តហោះឬរថយន្ត?
សំនួរមួយនេះគឺអាស្រ័យទៅលើថវិការបស់អ្នកខ្លួនឯង តែនៅពេលអ្នកអានចំណុចណែនាំខាងក្រោមនេះហើយ អ្នកនឹងដឹងថាត្រូវជ្រើសរើសធ្វើដំណើរទៅថៃដោយយន្តហោះឬជិះឡាន
*បើជិះយន្តហោះ
-ចំណាយច្រើន ខ្ទង់ពី ១៦០ដុល្លារ ទៅជាង ២០០ដុល្លារ តែទទួលបទពិសោធន៍ប្លែកក្នុងជីវិត
-រហ័ស ចំណាយពេលប្រហែល ១ម៉ោង ពីភ្នំពេញទៅបាំងកក
-មិនបាច់អស់ថ្លៃញាំបាយ
សម្រាប់អ្នកដែលមិនធ្លាប់ជិះយន្តហោះឆ្លងប្រទេសពីមុនមក គួរសាកល្បងរសជាតិធ្វើដំណើរតាមយន្តហោះ ព្រោះ វាជាបទពិសោធន៍កម្រសម្រាប់អ្នករាល់គ្នា។ ហេតុអ្វី? សម្រាប់អ្នកមិនធ្លាប់ជិះយន្តហោះនឹងមានអារម្មណ៍ភ័យ បុកពោះ តែក៏រំភើបខ្លាំងពេលឡើងដល់ទ្វារយន្តហោះភ្លាម។
ជាទូទៅការធ្វើដំណើរពីភ្នំពេញទៅបាងកកប្រទេសថៃ ចំណាយពេលលឿនប្រហែលមួយម៉ោងតិចតួចប៉ុណ្ណោះ។ បើអ្នកជ្រើសរើសការជិះយន្តហោះពេលថ្ងៃ អ្នកនឹងអាចទស្សនាទិដ្ឋភាពហោះហើរពីលើពពកសក្បុសលើវេហានិងទិដ្ឋភាពស្រស់ស្អាតលើផែនដី ដែលអ្នកមិនដែលឃើញពីមុនមក តែបើទិដ្ឋភាពពេលយប់វិញកាន់តែប្លែកម្យ៉ាង។
រយៈពេលមួយម៉ោងសម្រាប់អ្នកមិនធ្លាប់ជិះយន្តហោះគឺពិតជាលឿន លឿនពេកដល់ថ្នាក់មិនទាន់ចង់ឱ្យយន្តហោះចុះចតក៏ថាបាន ព្រោះចង់គយគន់ទេសភាពពីលើអាកាសនៅរាងយូរបន្តិច។
បើជ្រើសរើសជិះយន្តហោះ អ្នកត្រូវចាំថា ត្រូវទៅប្រលានយន្តហោះឱ្យបានមុនម៉ោងប្រហែល១ម៉ោងមុនអីទៅ បើអ្នកជិះយន្តហោះលើកដំបូង ដើម្បី Check-in និងឆ្លងកាត់ដំណើរការផ្សេងៗ។ មួយទៀត នៅលើយន្តហោះ គេមានអាហារសម្រាប់អ្នកដំណើរបរិភោគនៅលើយន្តហោះហើយពេលកំពុងហោះហើរ។
*បើជិះឡាន
-ចំណាយតិច ប្រហែល ២៥ដុល្លារជិះ Direct រហូតពីភ្នំពេញទៅបាងកក
-ប្រើពេលយូរ ប្រហែល ១២ម៉ោង តាមរថយន្តហ្វដ VIP ។
បើអ្នកមានប្រាក់ល្មមប្រហែល ២០០ដុល្លារ អ្នកអាចទៅលេងថៃបាន ២ថ្ងៃ បើអ្នកចេះចំណាយដោយត្រឹមត្រូវ។ បើយោបល់របស់ Angkor Post គិតថាអ្នកអាចជ្រើសរើសការធ្វើដំណើរដោយការជិះឡានទៅ ដើម្បីមានប្រាក់ទុកចាយនៅថៃបានច្រើន។
ចំពោះរថយន្តហ្វដ VIP ចំណាយពេលប្រហែលខ្ទង់ ១២ម៉ោងពីភ្នំពេញទៅបាងកក អ៊ីចឹងអ្នកអាចលៃលកពេលចេញដំណើរពីប្រទេសកម្ពុជាតាមការគួរ។ ពេលទិញសំបុត្រឡាន VIP អ្នកត្រូវរកទិញសំបុត្រទៅ Direct ទៅបាងកកតែម្តងទើបអស់តិច។
រឿងដែលអ្នកត្រូវចាំមួយទៀត គឺពេលទៅដល់ច្រកព្រំដែនប៉ោយប៉ែត អ្នកអាចយកវ៉ាល់លីដាក់អ៊ីវ៉ាន់ទៅជាមួយពេល Check-in ចូលប្រទេសថៃ។ សូមប្រយ័ត្នជាមួយអ្នកអូសរ៉ឺម៉កដែលធានាថាដាក់ឥវ៉ាន់អូសជូនអ្នកទៅដល់ច្រកខាងថៃ។
បើអ្នកមានឥវ៉ាន់ច្រើនពិបាកកាន់នឹងដៃ អ្នកអាចជួលអ្នកអូសរ៉ឺម៉កខ្មែរទាំងនោះ តែវាល់លីអ្នកចាំបាច់ត្រូវមានសោចាក់ ដើម្បីកុំឱ្យបាត់បង់របស់របរណាមួយ។
*ពេលទៅដល់ថៃ
ពេលទៅដល់ថៃ បើមានតែ ២០០ដុល្លារ ហើយចង់គេង២យប់ ដើរលេងបានច្រើន និងចង់ចំណាយតិចតែសប្បាយនិងបានទិញអ៊ីវ៉ាន់ច្រើន ត្រូវធ្វើម៉េច?
ចម្លើយអ្នកគឺត្រូវចេះសន្សំសំចៃ។ ចំពោះផ្ទះសំណាក់ធន់ល្មមមានគ្រែ ១គេងបានពីរនាក់ឬអាចដាក់បាន៣នាក់និងមានម៉ាស៊ីនត្រជាក់ ទូរទស្សន៍ ស្ថិតនៅបាងកកម្តុំផ្សារប៉ាទូណាម (Pratunam) មួយយប់ថ្លៃ ២០ទៅ ២៥ដុល្លារ ឬអាចថោកជាងនេះ។ កន្លែងទិញឥវ៉ាន់ល្អៗនិងធូរថ្លៃមាននៅផ្សារប៉ាទូណាម និង Big C ជាដើម។
*ពេលដើរលេង
បើទៅដល់ថៃហើយ អ្នកគួរតែសាកភ្លក់ម្ហូបតាមដងផ្លូវនៅស្រុកគេថាតើប្លែកពីស្រុកយើងប៉ុណ្ណា គ្រាន់តែម្ហូបភាគច្រើនសុទ្ធតែហឹរ។ ធ្វើបែបនេះមិនមែនថាដាច់ដាបទេ តែជាវិធីល្អឆ្លាតវៃ សាមញ្ញ ចំណាយតិច ហើយសប្បាយ។ តែបើអ្នកចង់សាកម្ហូបនៅតាមហាងមានម្ហូបឆ្ងាញ់ហើយចំណាយតិច ក៏អាចរកបានដែរនៅម្តុំផ្សារប៉ាទូណាម (Pratunam) បានដែរ ដោយហាងខ្លះមានអ្នកបម្រើជនជាតិខ្មែរដែលជានិស្សិតរៀននៅថៃ ធ្វើការនៅទីនោះដើម្បីបានប្រាក់បន្ថែមផ្គត់ផ្គង់ជីវភាព។
អ្នកក៏អាចជិះរថភ្លើងលើអាកាសជំនួសការជិះម៉ូតូកង់បី និងឡានតាក់ស៊ីជំនួស ព្រោះវាចំណាយតិចនិងរហ័ស។
*ត្រូវចាំ “ទៅដើរលេងក្នុងទីក្រុងស្រុកគេ បើអាចដើរបាន ដើរទៅបើចង់ទៅទីជិត មិនចាំបាច់អីតិចម៉ូតូ អីតិចឡានតាក់ស៊ីទេ”។