ពត៌មាន​ទាន់​ហេតុការណ៍

Loading...

ដេនី​ ក្វាន់ អំពាវនាវ​សុំ​ជំ​នួយ​​ធ្វើ​ផ្ទះ​ជូន​លោក​យាយ​ជរា​និង​ចៅ​កំព្រា២​នាក់​​ដែល​ម្ដាយ​ស្លាប់​ដោយ​ឃាតកម្ម​​



ខេត្ត​កំពង់ស្ពឺ៖ ​ នៅមុន​នេះ​បន្តិច នា​ល្ងាច​ថ្ងៃទី​២១ ខែ​មករា ឆ្នាំ​២០១៧នេះ ​ក្នុង​ហ្វេស​ប៊ុក​របស់​កញ្ញា ដេនី ក្វាន់​ តារា​សម្ដែង​សាច់​ស​ខ្ចី បាន​បង្ហោះ​វីដេអូ​ អម​ជា​មូយ​​រូបភាព​ និង​សំណេរ​ ដែល​បង្ហាញ​ពី​សកម្មភាព​​នៃ​ការ​នាំ​យក​អំណោយ​សម្រាប់​ទ្រទ្រង់​ជីវភាព​ខ្លះៗ ​ជូន​លោក​យាយ​ចំណាស់​​ម្នាក់​ ដែល​រស់​នៅ​យ៉ាង​កម្សត់​ នៅ​តំបន់​ដាច​ស្រយាល​មួយ​នា​ខេត្ត​កំពង់ស្ពឺ​ ​​ក្នុង​ខ្ទម​ជរា​​ជាមួយ​ចៅ​កំព្រា​តូច​ៗ​​២​នាក់​ទៀត ដែល​ម្តាយ​របស់​ពួក​​គេ​បាន​ស្លាប់​ដោយសារ​អំពើ​ឃាតកម្ម​ ដោយ​កញ្ញា​បាន​ស្នើ​សុំ​ជំនួយ​បន្ថែម​ពី​សប្បុរស​ជន​ក្នុង​ការ​ជួយ​សាង​សង់ផ្ទះ​ថ្មី​ជូន​លោកយាយ​ស្នាក់​នៅ​។
​ក្នុង​ហ្វេសប៊ុក​របស់​តារា​សម្ដែង​ ដេនី​ ក្វាន់​ បាន​សរសេរ​ថា “ថ្ងៃ​នេះ​នាង​ខ្ញុំ​បាន​នាំ​យក​អំណោយ​បន្តិច​បន្តួច​មក​ជូន​លោក​យាយ ព្រឿង អាយុ​៧៥​ឆ្នាំ រស់​នៅ​ភូមិ ពាម​ឃ្លៃ ឃុំ​ទ័ព​មាស ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ​ លោក​យាយ​មាន​កូន​ស្រី២​នាក់​ ម្នាក់​ត្រូវ​គេ​សម្លាប់​កាល​ពី​ខែ​មុន ​ចំណែក​ចៅៗ​គ្មាន​អ្នក​ចិញ្ចឹម ហើយ​គ្មាន​ផ្ទះ​ស្នាក់​នៅ​ត្រឹមត្រូវ​នោះ​ទេ ពេល​ខ្ញុំ​បាន​ជួប​គាត់ ហើយ​ពិត​ជា​គួរ​អោយ​អាណិត​ខ្លាំង​ណាស់”។​
​ក្នុង​ហ្វេសប៊ុក​ដដែល​កញ្ញា​បាន​បន្ត​​សំណេរ​ដោយ​អំពាវនាវ​​ថា “ខ្ញុំ​ចង់​ប្រាប់​ទៅ​មិត្ត​ៗ​ទាំង​អស់​គ្នា​ថា​កា​ធ្វើ​ទាន​គឺ មិន​រើស​ពេល​វេលា មិន​រើស​ទី​កន្លែង មិន​រើស​បុគ្គល ហើយ​មិនមែន​ទាល់​តែ​ត្រូវ​ចំហាយ​លុយ​ច្រើន ទើប​អាច​ធ្វើ​បាន​នោះ​ទេ​ នាង​ខ្ញុំ​សូម​អំពាវនាវ​ដល់​សប្បុរសជន​ទាំងអស់​មេត្តា​ជួយ​ដល់​លោក​យាយ លោក​ព្រោះ​គាត់​ចាស់​ហើយ​គ្មាន​កម្លាំង ធ្វើការ​ដើម្បី​ចិញ្ចឹម​ជីវិត​នោះ​ទេ​ ចឹង​ហើយ​សូម​មិត្តៗ​មេត្តា​ជួយ​លោក​យាយ​ម្នាក់​នេះ​ផង”។​
​ជាមួយ​និង​ទឹក​ចិត្ត​ដ៏​បរិសុទ្ធ​ថ្ងៃនេះ ​កញ្ញា​ក៏​មាន​គម្រោង​ក្នុង​ការ​​សង់​ផ្ទះ​ថ្មី ​ជូន​លោក​យាយ​ខាងលើ​ផង​ដែរ​ ​ព្រោះ​តែ​ផ្ទះ​ស្នាក់​នៅ​បច្ចុប្បន្ន​របស់​លោកយាយ​ មិន​អាច​ធន់​នឹង​អាកាសធាតុ​ដែល​តែង​តែ​ប្រែប្រួល​មិន​ទៀងទាត់​បាន​នោះ​ឡើយ ដូច​នេះ​កញ្ញា​បាន​អំពាវ​នាវ​ក៏ដូចជា​ស្នើសុំ​ជំនួយ​ តាម​រយៈ​វីដេអូ​ខាងក្រោម​​ ពី​អ្នក​សប្បុរស​ទាំង​ឡាយ​ដើម្បី​ជា​កម្លាំង​បន្ថែម​ ក្នុង​ការ​សម្រេច​គម្រោង​ខាងលើ ដើម្បី​សេចក្ដី​សុខ​ស្រ្តី​ជរា​ដែល​គ្មាន​ទីពឹង​ម្នាក់​។
​បន្ថែម​ពីលើ​សំណេរ​របស់​កញ្ញា​ ដេនី​ ក្វាន់ លោក​អនុសេនីយ៍ឯក ភារម្យ​ ដែល​ជា​អាជ្ញាធរ​នៅ​តំបន់​នោះ ក៏បាន​បញ្ជាក់​ថា សព្វថ្ងៃ​លោក​យាយ​និង​ចៅៗ​របស់​គាត់ ​រស់​នៅ​ដោយ​ពឹង​ទៅលើ​ការ ​ហុច​បាយ​ហុច​សម្ល​សម្រាប់​ទទួល​ទាន​ពី​អ្នក​ជិត​ខាង​ ចៅៗ​របស់​គាត់​មិន​អាច​ទៅ​រៀន​​​ ព្រោះ​តែ​លោក​យាយ​មិន​អាច​ធ្វើ​អ្វី​បាន​ដើម្បី​រក​ចំណូល​ សម្រាប់​ទ្រទ្រង់​ការរៀនសូត្រ​របស់​ពួកគេ​។​
​ដូចនេះ​ប្រសិន​បើ​បងប្អូន​ដែល​មាន​សទ្ធា​​ និង​មាន​បំណង​ចង់​ចូល​រួម​ធ្វើ​អំពើ​​មនុស្សធម៌​ជាមួយ កញ្ញា​ ដេនី ក្វាន់ សូម​ទាក់ទង​ទៅកាន់​លេខ​ទូរស័ព្ទ​មួយ​ខ្សែ​នេះ ​097 27 99 990ឬ​ឆាត​តាម inbox Facebook​ របស់​​ដេនី ក្វាន់ (Denny Kwan) ដោយ​ផ្ទាល់៕ ផ្ដល់សិទ្ធិដោយ៖ Kqube