ពត៌មាន​ទាន់​ហេតុការណ៍

Loading...

សមត្ថកិច្ច​កំពង់ចាម​ក្រសោប​អ្នក​លេង​មាន់ជល់​ រឹប​អូស​បាន​​ម៉ូតូ​៨០​គ្រឿង​

ខេត្ត​កំពង់ចាម​៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​កំពង់ចាម​​សហការ​ជាមួយ​នគរបាល​មូលដ្ឋាន​ធ្វើ​ការ​បង្ក្រាប ​ក្រសោប​​ទីតាំង​លែង​ល្បែង​ដ៏​ធំ​មួយ​កន្លែង​​​ កាល​ពី​រសៀល​​ថ្ងៃ​ទី​​១៨ ខែ​មករា ​ឆ្នាំ​២០១៧​ម្សិលមិញ​​ ត្រង់​ចំណុច​ព្រំប្រទល់ ​អិន​ប្រាំ​(N5) ឃុំ​តាអុង ​ស្រុក​ចំការ​លើ​ និង​ឃុំ​ថ្មពូន​ ស្រុក​ព្រៃឈរ​ ឃាត់ខ្លួន​បាន​​មនុស្ស​៣​នាក់​ មាន់​៣​ក្បាល ​ម៉ូតូ​៨០​គ្រឿង ​និង​វត្ថុតាង​​មួយ​ចំនួន​ទៀត​។​
​ ​លោក​វរៈសេនីយ៍​ ថាញ់ ​សុខវុន នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​បាន​ឲ្យ​ថា ​ ក្រោយ​ពី​បាន​ទទួល​ព័ត៌មាន​​ភ្លាម​ ​​កម្លាំង​ការិយាល័យ​ជំនាញ​ខេត្ត​ បាន​សហការ​នឹង​កម្លាំង​មូលដ្ឋាន​ចុះ​ធ្វើ​ការ​បង្ក្រាប​ទីតាំង​ជល់​មាន់​មួយ​កន្លែង​នៅ​ចំណុច​ព្រំប្រទល់ ​អិន​ប្រាំ ​(N5​) ​ឃុំ​តាអុង ​ស្រុក​ចំការ​លើ​ និង​ឃុំ​ថ្មពូន ​ស្រុក​ព្រៃឈរ​។ ក្នុងនោះដែរ​កម្លាំង​ជំនាញ​បាន​​​បង្ក្រាប​ ដកហូត​បាន​មាន់ជល់ ​៣​ក្បាល​កន្ត្រក​ដាក់​មាន់ ​ចំនួន​៥​ ជើង​ម៉ា​ជ័រ​​២០ ​ជញ្ជីង​ថ្លឹង​មាន់​១​​ ហាន់​តោ​អា​ប៉ោង​១ ​​ស្កុត​រុំ​ជើង​មាន់​ ៣០​ ម៉ូតូ ​ចំនួន​ ៨០​ គ្រឿង​​ និង​​ឃាត់​ខ្លួន​អ្នក​លេង​​​ជល់​មាន់​ចំនួន​​៣​នាក់ ។
​លោក​បន្តថា​​​ ​សង្ស័យ​ទាំង​​​​០៣​នាក់​នោះ​រួមមាន៖ ទី​១​ឈ្មោះ ​សាម ​វុធដា​ ប្រុស​ អាយុ​៤៥​ឆ្នាំ​ នៅ​ភូមិ​ថ្មី​ ឃុំ​រកាគយ​ ស្រុក​កងមាស ​ខេត្ត​កំពង់ចាម​ ទី​២​​​ឈ្មោះ​ ជុច​ សេត​ ភេទ​ ប្រុស​​ អាយុ​ ៦៥​ឆ្នាំ ​នៅ​ភូមិ​កន្ឋំ ​ឃុំ​ ច្រនាង​ ស្រុក​ បារាយណ៍ ខេត្ត​កំពង់ធំ​​និង​ទី​៣​​ឈ្មោះ ​ស៊ាង ​ភាស់​ ភេទ​ ប្រុស​ អាយុ​៣​២​ឆ្នាំ​ នៅ​ភូមិ​សំព័រ​ ឃុំ​តាអុង ​ស្រុក​ចំការលើ​ ខេត្ត​កំពង់ចាម​។​ បច្ចុប្បន្ន​សមត្ថកិច្ច​​​ ជនសង្ស័យ ​និង ​វត្ថុតាង​ខាងលើ​ ត្រូវ​បាន​សមត្ថកិច្ច​បាន​​នាំ​យក​ទៅ​​​​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ​នៃ​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម​ ដើម្បី​បន្ត​​ចាត់​វិធានការ​តាម​នីតិវិធីផ្លូវ​ច្បាប់​​​ ៕​ ផ្ដល់សិទ្ធិដោយ៖ Kqube