ពត៌មាន​ទាន់​ហេតុការណ៍

Loading...

ជនពិការដោយសង្គ្រាមលោក ជឿន លឿន អំពាវនាវសុំជំនួយពីប្រមុខរាជរដ្ឋាភិបាល



អតីតយុទ្ធជន​ពិការ​ជើង ដោយសារ​ជាន់មីន​សម័យ​សង្គ្រាម​ម្នាក់ រួមទាំង​ស្ត្រី​ជា​ភរិយា​ពិការ​ដូចគ្នា​ដែរនោះ បាន​លើកដៃ​សំពះ​អំពាវនាវ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល សូមជួយ​ដល់​គ្រួសារ​គាត់​ផង ព្រោះតែ​ក្នុង​ពេលនេះ មានការ​អភិវឌ្ឍន៍​ច្រាំងទន្លេ ហើយ​ត្រូវបាន​អាជ្ញាធរ​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ រស់នៅ តាម​ដង​ទន្លេ​ចាក​ចេញទៅ​តាំងទី​លំនៅ​ថ្មី លើដី​ក្នុង​គម្រោង​បង់​រំ​លោះ មានតម្លៃ​ចាប់ពី​ជាង ​២​ពាន់​ដុល្លារ​ទៅ​ជាង​ ៣​ពាន់​ដុល្លារ តែ​គ្រួសារ​គាត់​គ្មាន​លទ្ធភាព​ទេ​ ។​
លោក ជឿន លឿន អាយុ​៤២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ជា​អតីតជន​ពិការ​បាន​រៀបរាប់​ឲ្យ​ដឹងថា ប្រពន្ធ​គាត់​ឈ្មោះ ឡាយ ថា អាយុ​៥៩​ឆ្នាំ គាត់​មានកូន​ប្រុស​ម្នាក់ បែក​គ្រួសារ​មាន​ប្រពន្ធ​កូន​ហើយ តែ​សព្វថ្ងៃ​កូន​គាត់​បាន​ទុក​កូន​៣​នាក់​ឲ្យ​គាត់​ជួយ​មើលថែ​ ។ ​រូបគាត់​ជា​យោធា​ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង គាត់​បាន​ពិការ ដោយ​ជាន់មីន នៅ​ឆ្នាំ​១៩៨៩ ក្នុង​សមរភូមិ​វាល​រោទិ៍ ស្ថិតក្នុង​ព្រំប្រទល់​បី​ខេត្ត គឺ​កំពង់ឆ្នាំង កំពង់ចាម និង​កំពង់ធំ​ ។ ផ្ទះ​ដែល​គាត់​រស់នៅ​នេះ​គឺ​តាំងពី​ឆ្នាំ​១៩៨៧ មក​ម្លេះ ដោយ​រស់​នៅជាប់​មាត់ទន្លេ ប៉ុន្តែ​ពេលនេះ​ត្រូវបាន​អាជ្ញាធរខេត្ត​អភិវឌ្ឍន៍​ធ្វើ​ច្រាំងទន្លេ ដោយ​ឲ្យ​ប្រជាពលរដ្ឋ​ចាក​ចេញទៅ​រស់នៅ​លើដី​បង់​រំ​លោះ ដែល​រៀបចំ​ដោយ​អាជ្ញាធរខេត្ត បែបនេះហើយ​ទើប​គាត់​ជួប​បញ្ហា​គឺ​គ្មាន​លទ្ធភាព​ទិញ​ដី​បង់​រំ​លោះ ដែលមាន​តម្លៃ​ពី​ជាង​ ២​ពាន់​ទៅជា​ង​ ៣​ពាន់​ដុល្លារ​នោះឡើយ​ ។​
ដូចនេះហើយ រូបគាត់​រួម​នឹង​ភរិយា ដែលជា​ជនពិការ​ដែរនោះ សូម​អំពាវនាវ​ដល់​ស​ប្បុរ​សជន មន្ត្រី​ជំនាញ និង​ប្រមុខ​រាជរដ្ឋាភិបាល មេត្តាជួយរ​កដី​ឲ្យ​គ្រួសារ​គាត់​រស់នៅ​ផង ព្រោះ​សព្វថ្ងៃនេះ គាត់​ក្រីក្រ​ខ្លាំងណាស់ គ្មាន​រក​អ្វី​បានទេ ក្រៅពី​ប្រាក់ខែ​ជនពិការ​ជាង​៣០​ម៉ឺន​រៀល​នោះ ។​
​អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា តាម​គម្រោង​របស់​អាជ្ញា​ធរ​ខេត្ត​នឹងមាន​ការ​បន្ធូ​បន្ថយ​ច្រើន ចំពោះ​ជនពិការ ស្ត្រី​ចាស់ជរា ជាដើម ក្នុងការ​ទៅ​រស់នៅ​លើដី​ថ្មី​បង់​រំ​លោះ​នោះ ប៉ុន្តែ​សម្រាប់​អតីតយុទ្ធជន​ពិការ​ឈ្មោះ ជឿន លឿន នេះ ពិតជា​ក្រីក្រ​ខ្លាំងណាស់ សូម្បីតែ​បង់​រំ​លោះ ត្រឹមតែ​ ១​ខែ ​២០​ម៉ឺន​រៀល​ក៏​គ្មាន​លទ្ធភាព​ទិញ​ដែរ​ ។​ បើ​សប្បុរសជន​មានចិត្ត​អាណិត​មេត្តា​សូម​ទាក់ទង​តាម​លេខ​ទូរស័ព្ទ ០៩២ ៥៤៥១៦១​ សូម​អរគុណ ​៕
ប្រភព : pmhotnews.com