ពត៌មាន​ទាន់​ហេតុការណ៍

Loading...

រឿងរ៉ាវ ៦យ៉ាង​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​ចង់ឱ្យ​ស្វាមី​ដឹង



អំឡុងពេល​មាន​ផ្ទៃពោះ ជា​ដំណាក់កាល​ដ៏អស្ចារ្យ​មួយ​ក្នុង​ជីវិត​ស្ត្រី។ គ្រប់​ពេលវេលា​ទាំងអស់​ក្នុង​រយៈពេល​នេះ ពិតជា​មាន​តម្លៃណាស់​សម្រាប់​នាង។ ស្ត្រីពពោះ​នឹង​ប្រឈមមុខ​បញ្ហា​អារម្មណ៍​ច្រើន ដោយសារ​បម្រែបម្រួល​អរម៉ូន។
បញ្ហា​នេះ​នឹង​ធ្វើឱ្យ​អារម្មណ៍​ស្ត្រី​ប្រែប្រួល​ខុសពី​ធម្មតា។ ក្នុង​អំឡុងពេល​នេះ ជាទូទៅ ស្ត្រី​ចង់​បាន​ជំនួយ​ទុក្ខធុរៈ​ពី​ស្វាមី។ ក្រៅ​ពីនេះ ជួនកាល នាង​ចង់​ឱ្យ​ស្វាមី​ធ្វើ​កិច្ចការ​មួយចំនួន​ជំនួស​នាង។
ការមាន​ផ្ទៃពោះ​លើក​ទី ១ ភាពភ័យខ្លាច​នឹង​កាន់តែ​ច្រើនឡើង ព្រោះ​នាង​មិនទាន់​បាន​ដឹងពី​បញ្ហា​ត្រូវ​ជួបប្រទះ។ មាន​រឿងរ៉ាវ​មួយចំនួន ស្ត្រី​ចង់ឱ្យ​ស្វាមី​បាន​ដឹង។ មាន​តែ​ស្វាមី​ម្នាក់គត់​អាច​ឱប​ថ្នាក់ថ្នម​នាង​បាន។ ខាងក្រោម​នេះ​ជា​រឿងរ៉ាវ​មួយចំនួន​ដែល​ស្ត្រី​មាន​គភ៌​ចង់ឱ្យ​ស្វាមី​ខ្លួន​បាន​ដឹង៖
ទម្លាប់​នៃ​ការញ៉ាំ​អាហារ​ត្រូវបាន​ផ្លាស់ប្តូរ
អាហារ​ដើរ​តួនាទី​សំខាន់​ក្នុង​អំឡុង​ទាំង ៣ត្រីមាស។ ស្ត្រី​អាច​នឹង​មិន​ញ៉ាំ ឬ​មិន​អាច​បញ្ឈប់​ការញ៉ាំ​អាហារ​បាន ព្រោះ​នាង​ខ្លាច​ឡើង​គីឡូ ឬ​ដោយសារ​បញ្ហា​ក្អួតចង្អោរ។ ស្ត្រី​ចង់ឱ្យ​ស្វាមី​ដឹង​ថា នាង​ត្រូវការ​ញ៉ាំ​អាហារ​ញឹកញាប់។ នៅពេល​នាង​ប្រាប់​ថា ឃ្លាន ស្វាមី​គួរ​ផ្តល់​អាហារ​សម្រន់​ឱ្យ​នាង។
អារម្មណ៍​ប្រែប្រួល
អារម្មណ៍​ខុសប្រក្រតី​របស់​ស្ត្រី​ពពោះ​អាច​ធ្វើឱ្យ​ស្វាមី​ច្របូកច្របល់។ ប៉ុន្តែ​ត្រូវ​ចាំ​ថា អ្នក​ត្រូវ​ទទួល​ស្គាល់ពី​បញ្ហា​នេះ​ពេញ​ដំណាក់កាល​មាន​ផ្ទៃពោះ។ នាង​ចង់​ឱ្យ​អ្នក​ចេះ​សម្របសម្រួល និង​ទប់ទល់​ស្ថានភាព​នេះ។ នាង​នឹង​មាន​អារម្មណ៍​តានតឹង។
នាង​កំពុងតែ​ធាត់ឡើង​ហើយ
ស្ត្រី​គ្រប់រូប មិនថា​វ័យ​ណា​ទេ តែងតែ​ស្រឡាញ់​ពេញចិត្ត​នឹង​ឮ​ពាក្យ​ថា រាង​ស្លីម​ស្អាត។ ផ្ទុយ​ទៅវិញ ស្ត្រី​មាន​ផ្ទៃពោះ​នឹង​ឡើង​គីឡូ ហើយ​រូបរាង​ខុសប្លែក​ពីមុន។ សរសើរ និង​លើក​ទឹកចិត្ត​ដល់​នាង។ ប្រាប់​នាង​ថា បង​ស្រឡាញ់​អូន។ នេះ​ជា​រឿង​ដែល​ស្ត្រី​ចង់ឱ្យ​ស្វាមី​ដឹង។
ថ្នាក់ថ្នម​នាង
រឿង​មួយ​ដែល​ស្ត្រី​ចង់​បាន​គឺ ក្តីស្រឡាញ់ និង​តំហែទាំ​ខ្លាំងបំផុត។ ថ្នាក់ថ្នម​នាង ម៉ាស្សា​នាង​ថ្នមៗ និង​ធ្វើឱ្យ​នាង​មាន​អារម្មណ៍​ល្អ។ ភាពថ្នាក់ថ្នម​នឹង​បង្កើន​ភាពស្និតស្នាល​របស់​នាង​ជាមួយ​អ្នក ជួយ​ឱ្យ​ស្នេហា​នៅតែ​រឹងមាំ។
ជួយ​ធ្វើ​ម្ហូប​នាង
ស្ត្រី​ពពោះ​នឹង​កើត​អាការៈ​ចង់​ក្អួត និង​ក្អួតចង្អោរ ពេល​ធុំក្លិន​អាហារ។ នាង​នឹង​ពេញចិត្ត​ឱ្យ​អ្នកដទៃ​ធ្វើ​ម្ហូប​ជំនួស​នាង ជាពិសេស​ស្វាមី​នាង។ ទង្វើ​នេះ​ក៏​ជួយឱ្យ​នាង​ដឹងពី​ទំហំ​ក្តីស្រឡាញ់​របស់​អ្នក​ចំពោះ​នាង។
នាង​កើត​ក្តីព្រួយ​បារម្ភ
ស្ត្រី​ភាគច្រើន​ខ្លាចនឹង​ការរួមភេទ​ក្នុង​អំឡុងពេល​មាន​ផ្ទៃពោះ។ ការរួមភេទ​ក្នុង​ត្រីមាស​ទី ១ នឹង​បង្ក​ភាពគ្រោះថ្នាក់ ប៉ុន្តែ​ត្រីមាស​ទី ២ ពិតជា​ល្អបំផុត។ ប្រសិនបើ​នាង​មិន​ទាន់​ចង់​ទេ កុំ​បង្ខំ​នាង។
ប្រសិនបើ​នាង​ដោះសារ នាង​ចង់​ឱ្យ​អ្នក​ដឹងថា នាង​មិន​ចង់ ហេតុនេះ​អ្នក​គួរ​គោរព​នាង៕