ពត៌មាន​ទាន់​ហេតុការណ៍

Loading...

ចាប់បានហើយៗ !!! តាម​ប្រមាញ់​មេខ្លោង​ប្លន់​កក្រើក​​ក្រុង​ភ្នំពេញ​បាន​នៅ​បាត់​ដំបង​​​



​ ​រាជធានី​ភ្នំពេញ៖​ មេខ្លោង​ចោរ​ប្លន់​ម្នាក់​ ត្រូវ​បាន​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ​ឃាត់​ខ្លួន​បន្ទាប់​ពី​បាន​គេច​ពី​ភ្នំ​ពេញ ទៅ​សម្ងំ​លាក់​ខ្លួន​ពួន​អាត្មានៅ​បាត់​ដំបង បន្ទាប់​ពី​ជន​នេះ​ដឹង​ខ្យល់​ថា ការ​ប្លន់​របស់​គេ​លើក​ចុង​​ក្រោយ​ត្រូវ​បាន​បែកការ​​ ទី​បំផុត​​កម្លាំង​ក៏​ចាប់​បាន​ជន​នេះ នៅ​ចំណុច ភូមិ​ជ្រៃធំ ឃុំ​កំពង់​ស្ពៅ ស្រុក​សំឡូត ខេត្ត​បាត់ដំបង​ និង​បញ្ជូន​មក​ទីបញ្ជាការ កង​រាជ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៣ ខែ​មករា ឆ្នាំ​២០១៧​នេះ​។​
​ ​គួរ​រំលឹក​ដែរ​ថា កាល​ពី​វេលា​ម៉ោង​០១​និង​០០​នាទី យប់​ថ្ងៃ​ទី​១៥ ឈាន​ចូល​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០១៧ មាន​ករណី​ប្លន់​ម៉ូតូ​០១​គ្រឿង នៅ​ចំណុច​ផ្លូវ​លេខ​៣០៤​កែង និង​១៤៣ ស្ថិត​ក្នុង​សង្កាត់​បឹង​កេង​កង​ទី២ ខណ្ឌ​ចំការ​មន រាជធានី​ភ្នំពេញ។​លុះ​ដល់​ភ្លឺ​ឡើង កម្លាំង​អាវុធ​ខណ្ឌ​ចំការមន​ សហការ​ជា​មួយ​អាវុធ​ហត្ថខណ្ឌ​មានជ័យ និង​ការិយាល័យ​ព្រហ្ម​ទណ្ឌ​អាវុធហត្ថ​ រាជធានី​ភ្នំពេញ បាន​ស្រាវជ្រាវ​តាម​វិធានការ​ជំនាញ រហូត​ឈាន​ដល់​ការ​កំណត់​មុខ​សញ្ញា​ និង​ចុះ​ឡោមព័ទ្ធ​ឆែកឆេរ​ផ្ទះ​គ្មាន​លេខ​មួយ​កន្លែង​ស្ថិត​ក្នុង​ភូមិ​តានូ​១ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌ​មាន​ជ័យ រាជធានី​ភ្នំពេញ ​​ដែល​សង្ស័យ​ថា ជា​កន្លែង​លាក់​ខ្លួន​របស់​ក្រុម​ចោរ​។ ​តែ​ពួកនេះ​បាន​ដឹងខ្លួន​មុន​ក៏​រត់​គេច​អស់​បន្សល់​ទុក​ម៉ូតូ​ពីរ​គ្រឿង ហើយ​ចុង​ក្រោយ​ត្រូវ​អស់​លក្ខ​នៅ​បាត់ដំបង​
​ ​តាម​ចម្លើយ​របស់​​ជនសង្ស័យ​បាន​សារភាព​ថា រូប​គេ​ឈ្មោះ ងិន ចន្ធី ហៅ ចាន់ តារាវុធ កន្លង​មក​ធ្លាប់​ជាប់​ពន្ធនាគារ​ព្រៃ​ស ​កាល​ពី​ឆ្នាំ​២០១៣ ពី​បទ​ឆក់​កាបូប និង​បាន​ចេញ​ពី​គុក​វិញ នៅ​ឆ្នាំ​២០១៤។ ក្រោយ​ពេល​ចេញ​ពី​គុក ​រូប​ខ្លួន​បាន​ប្រមែប្រមូល​បក្ខ​ពួក​ទាំង​ចាស់​ទាំង​ថ្មី ដើរ​ធ្វើ​សកម្មភាព​ឆក់​ប្លន់​ទ្រព្យ​សម្បត្តិ ប្រជាពលរដ្ឋ​តាម​ដងផ្លូវ​ ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ។
​ ​​ចុង​ក្រោយ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១៧ ​ម៉ោង​ប្រហែល​២២​និង​០០​នាទី ​ពួក​ខ្លួន​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្នុង​កោះពេជ្រ សរុប​១១​នាក់ មាន​រូប​ខ្លួន(ឈ្មោះ ងិន ចន្ធី ហៅ ចាន់ តារាវុធ) និង​ឈ្មោះ រី ឈ្មោះ​វី ឈ្មោះ​រក្ស ឈ្មោះ​ទូ ឈ្មោះ​រ៉ៃ ឈ្មោះ​ហេង ឈ្មោះ​ពីន និង​០៣​នាក់​ទៀត​មិន​ស្គាល់​ឈ្មោះ ​បាន​រៀប​ចំ​គម្រោង​ចេញ ធ្វើ​សកម្មភាព​ឆ​ក់​ប្លន់ តាម​ដង​ផ្លូវ​ដូច​រាល់​​ដង។ បន្ទាប់​ពី​រៀប​ចំ​គម្រោង​រួច​ពួក​ខ្លួន​ក៏​បាន​ជិះ​ម៉ូតូ​ចេញ​ពី​កោះពេជ្រ​ទាំង​អស់​គ្នា ដោយ​ខ្លួន​ ជិះ​ជា​មួយ​ឈ្មោះ ​វី ជា​អ្នក​ឌុប ពេល​មក​ម្តុំ​សាលា​រៀន​អង់​អេង ក៏​ប្រទះ​ឃើញ​បុរម្នាក់​ជិះ​ម៉ូតូ​ម៉ាក Zoomer​X ពួក​ខ្លួន ក៏​នាំ​គ្នា​ព័ទ្ធ​គម្រាម ដើម្បី​ប្លន់​ធ្វើ​ឲ្យ​ម្ចាស់​ម៉ូតូ​ភ័យ​ស្លន់​ស្លោ​រត់​ចោល​ម៉ូតូ ​ទើប​ឈ្មោះ​វី​ ចុះទៅ​លើក​ម៉ូតូ​ជនរងគ្រោះ ជិះ​ទៅ​ទុក​នៅ​ផ្ទះ​របស់​ខ្លួន​នៅ​ចាក់​អង្រែ ហើយ​ក៏​បែក​ផ្លូវ​គ្នា​ យប់​នោះ​ខ្លួន​ជា​អ្នក​ដោះ​ស្លាក​លេខ​ម៉ូតូ​ចេញ ដើម្បី​ទុក​លក់ តែ​ព្រឹក​ឡើង ខ្លួន​សង្ស័យ​ថា​បែក​ការ​ ក៏​គេច​ទៅ​សម្ងំ​ពួន​លាក់​ខ្លួន នៅ​ខេត្ត​បាត់ដំបង​រហូត​ដល់​សមត្ថកិច្ច​អាវុធ​ហត្ថរាជ​ធានី​ភ្នំពេញ​តាម​ទៅ​ចាប់​បាន​តែម្ត​ង​។
​​បច្ចុប្បន្ន មេក្លោង​ចោរ​ប្លន់ ឈ្មោះ ងិន ចន្ធី ហៅ ចាន់ តារាវុធ ត្រូវ​បាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ បញ្ជូន​ទៅ​តុលាការ​កាត់ទោស​តាមច្បាប់ រី​ឯ​បក្ខពួក​ផ្សេងទៀត​ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​តាម​ចាប់​ខ្លួន​បន្ត៕ ផ្ដល់សិទ្ធិដោយ៖ Kqube